
បាត់ដំបងៈ មុខសញ្ញាលួចទូរស័ព្ទជិត ១០០ គ្រឿង នៅផ្សារភ្នំសំពៅ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀត កំពុងគេចខ្លួន។
នគរបាលជំនាញ បានបង្ហើបឲ្យដឹងថាៈ ជនសង្ស័យដែលធ្វើសកម្មភាព លួចកាត់ជញ្ជាំង ស័ង្កសី តូបលួចយកទូរស័ព្ទ ជាច្រើនគ្រឿង កាលពីថ្មីៗ កន្លងមកនេះ នៅផ្សារភ្នំសំពៅ ក្នុងភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ត្រូវកម្លាំងការិយាល័យកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដុតដៃដុតជើង ស្រាវជ្រាវ ចុងក្រោយ ឃាត់ខ្លួនបានម្នាក់ នៅរសៀលថ្ងៃទី ២៤ ខែវិច្ឆិកានេះ ត្រង់ម្ដុំភូមិរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយគ្នានេះ កម្លាំងបង្ក្រាប ថែមទាំងដកហូតបាននូវ វត្ថុតាងទូរស័ព្ទដៃ មួយចំនួន ត្រឡប់មកវិញផងដែរ។
ប្រភពដដែល បានបញ្ជាក់ដែរថាៈ ក្រោយការឃាត់ខ្លួន ជនសង្ស័យជាសម្ងាត់ ដែលជាជន ដៃដល់ នៅវេលាម៉ោង ៨:០០ នាទី យប់ថ្ងៃដដែលនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបន្តនីតិវិធីស្រាវជ្រាវ ផ្អែកតាមជំនាញ ចុះតាមប្រមាញ់ ប្រកៀកប្រកិត តាមមុខសញ្ញា ជាបក្ខពួកម្នាក់ទៀត ដែលកំពុងតែព្យាយាមគេចខ្លួន។
បើទោះបីជាបែបនេះ នគរបាលជំនាញ នៅមិនទាន់សាកសួរ ឲ្យដឹងពីអត្តសញ្ញាណ ជនសង្ស័យ នៅឡើយ ដោយកំពុងមមាញឹក តាមស្វែងរកមុខសញ្ញា ដែលនៅសេសសល់ ម្នាក់ទៀត ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕/V