
ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករះរថយន្ត និងម៉ូតូជាច្រើនគ្រឿង បណ្ដាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ៤០នាទីល្ងាច ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2G-7319 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុករះរថយន្តបីគ្រឿង និងម៉ូតូមួយគ្រឿងពេញទំហឹង ដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បណ្តាលឱ្យបុរសម្នាក់ ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។
ចំណែករថយន្តបង្ក និងរថយន្តរងគ្រោះពីរគ្រឿង រងការខូចខាតយ៉ាងដំណំ រីឯម៉ូតូរងគ្រោះមួយគ្រឿងទៀតរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។ ដោយឡែករថយន្តរងគ្រោះមួយគ្រឿងទៀត ម៉ាកសាំយ៉ុង រងការខូចខាតបន្តិចបន្តួច ម្ចាស់រថយន្តខ្ជិលវែងឆ្ងាយមិនទាមទារសំណងក៏សុំបញ្ចប់រឿងបើករថយន្តចេញទៅបាត់តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កមួយគ្រឿង និងរថយន្តរងគ្រោះពីរគ្រឿង រួមទាំងម៉ូតូមួយគ្រឿងទៀត យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕