
ភ្នំពេញ ៖ អ្នកនាង យក់ ឋិតរដ្ឋា តារាចម្រៀងមនោសញ្ចេតនា បានសរសេររាបរាប់នូវការឈឺចាប់ខ្លួនថ្មីៗនេះថា ខ្លួនកំពុងរងនូវភាពអយុត្តិធម៌ពីសំណាក់បុគ្គលម្នាក់។
ទោះបីជាតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញការឈឺចាប់បែបនេះនៅលើបណ្ដាញសង្គមក្តី ប៉ុន្តែអ្នកនាង មិនបានបញ្ជាក់ថាជារឿងអ្វីនោះទេ ហើយផ្តើមចេញពីបញ្ហាអ្វី ឬជាមួយបុគ្គលម្នាក់ណាឡើយ គ្រាន់តែនិយាយដោយបើកចំហថា នាងនឹងស៊ូតតាំងឱ្យដល់ទីបញ្ចប់ ជាមួយបុគ្គលដែលកំពុងមានជម្លោះជាមួយខ្លួន ។
បើតាមការលើកឡើង របស់អ្នកនាង យក់ ឋិតរដ្ឋា កាលពីយប់ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ ដោយមានខ្លឹមសារបែបនេះថា “ខ្ញុំដឹងថាខ្ញុំគ្មានលុយកាក់ច្រើនដូចអ្នកឯងដើម្បីតតាំងជាមួយអ្នកឯង តែខ្ញុំនឹងតស៊ូអោយដល់ទីបញ្ចប់បើទោះជាខ្ញុំត្រូវដើរខ្ចីបុលលុយកាក់គេក៏ដោយ គឺខ្ញុំប្រើភាពស្មោះត្រង់របស់ខ្ញុំតែមួយមុខគត់អ្នកឯងហែលទឹកភ្នែកខ្ញុំមិនរូចទេ បាបកម្មមានពិត”។ ហើយនាងបាននិយាយទៀតថា នាងអត់ដែលបានធ្វើបាបអ្នកណាទេ បាបកម្មមានពិត បំពាននាង ហេតុអី្វបំផ្លាញនាងអ៉ីចឹង ។
តាមរយ:នេះដែរ មានអ្នកគាំទ្រជាច្រើនបានសួរនាំនាងជុំវិញរឿងរ៉ាវដែលកំពុងកើតឡើងនេះដែរតែអ្នកនាង យក់ ឋិតរដ្ឋា បានត្រឹមឆ្លើយតបយ៉ាងខ្លីវិញថា «អយុតិ្តធម៌ណាស់ ខ្ញុំនិយាយអត់ចេញទេ» ។
ចំណែកស្វាមីរបស់នាងគឺលោក ឃុំ ប៊ុណ្ណាណែត ក៏បានចែករំលែកសាររបស់ភរិយាដោយបានសរសេរលើកទឹកចិត្តថា ទ្រាំទៅប្រពន្ធសម្លាញ់ មាសសុទ្ធមិនខ្លាចភ្លើង វាជាលើកទី១ក្នុងជីវិតរបស់យើង ៕