
ទីក្រុងមែលប៊ន ៖ អ្នករៀបចំព្រឹត្តិការណ៍ Australian Open 2022 នៅតែមិនច្បាស់ថា តើកីឡាករការពារតំណែងជើងឯក Novak Djokovic និងអាចចូលរួមប្រកួតដណ្តើម Grand Slam នៅខែក្រោយបានដែរឬយ៉ាងណានោះទេ? នេះបើតាមប្រភពពី BBC បានចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។
Novak Djokovic វ័យ៣៤ឆ្នាំហើយ នៅតែមិនទាន់ចេញមកបញ្ជាក់ជាសាធារណៈឲ្យច្បាស់អំពីស្ថានភាពនៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ខ្លួននៅឡើយទេ។ ខណៈកីឡាករ-កីឡាការិនី នឹងបុគ្គលិកទាំងអស់ដែលចូលរួមព្រឹត្តិការណ៍ Australian Open 2022 ត្រូវតែចាក់វ៉ាក់សាំង ឬមានការលើកលែងពីផ្នែកវេជ្ជសាស្ត្រ (ចាក់មិនបាន) ដែលផ្តល់ដោយក្រុមអ្នកជំនាញឯករាជ្យ។


លោក Craig Tiley នាយកប្រតិបត្តិរៀបចំការប្រកួតបាននិយាយថា “ប្រសិនបើ Novak បង្ហាញខ្លួនក្នុងការប្រកួត គេត្រូវតែចាក់វ៉ាក់សាំង ឬមានការលើកលែងណាមួយពីផ្នែកវេជ្ជសាស្ត្រ”។
ទន្ទឹមជាមួយគ្នានោះដែរ លោកក៏បានបង្ហាញទំនុកចិត្តថា កំពូលកីឡាករអេស្ប៉ាញ Rafael Nadal និងអាចចូលរួមព្រឹត្តិការណ៍នៅឆ្នាំក្រោយ បើទោះបីជារូបគេបានឆ្លងកូវីដ-១៩ កាលពីពេលថ្មីៗនេះក៏ដោយ។
ព្រឹត្តិការណ៍ Australian Open 2022 ដែលត្រូវធ្វើឡើងនៅទីក្រុងមែលប៊ន និងដំណើរការចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២២ ខណៈកីឡាករ-កីឡាការិនីចូលរួមទាំងអស់ និងចាប់ផ្តើមធ្វើដំណើរមកកាន់ប្រទេសអូស្ត្រាលីនៅសប្តាហ៍ក្រោយ សម្រាប់ការប្រកួតកម្ដៅសាច់ដុំ។
(ប្រភពពី BBC)