
ភ្នំពេញ: ផ្ទះស្តុកកំណាត់បោះដុំមួយល្វែងត្រូវបានអគ្គិភ័យឆាបឆេះ បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ ហើយម្ចាស់ផ្ទះស្រីៗចំនួន៣នាក់បានជាប់នៅខាងក្នុង ឈ្លក់ផ្សែងភ្លើង និង រលាកភ្លើង បណ្តាលឲ្យ កូនស្រីម្ចាស់ផ្ទះម្នាក់ស្លាប់បាត់បង់ជីវិត ។ ចំណែកម្តាយនិងស្ត្រីម្នាក់ទៀត របួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៣ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅផ្ទះលេខ១C ផ្លូវបេតុង ភូមិបឹងសាឡាង ក្រុម១ នៅជាប់បុរីសម្បត្តិ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ម្ចាស់ផ្ទះកើតហេតុ និងអ្នកស្នាក់នៅក្នុងផ្ទះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាអាជីវករលក់កំណាត់បោះដុំនៅផ្សារអូឡាំពិក បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតខាងផ្ទះកើតហេតុ បានប្រាប់ឱ្យដឹងថា ផ្ទះដែលឆេះគឺមានស្តុកកំណាត់ពេញទុកសម្រាប់លក់បោះដុំនៅផ្សារអូឡាំពិក។ មុនកើតហេតុ ពេលល្ងាច ម្ចាស់ផ្ទះបានដុតកម្ទេចកំណាត់នៅមុខផ្ទះរបស់គាត់ តែត្រូវសមត្ថកិច្ចមូលដ្ឋានចុះទៅហាមឃាត់ម្ចាស់ផ្ទះក៏ពន្លត់ភ្លើងវិញ ។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅខាងក្នុងផ្ទះកើតហេតុ និងខាងមុខផ្ទះឆេះរាលដាលដល់រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបណ្តាលឱ្យខូចខាតទាំងស្រុង ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាគោះទ្វារ និងស្រែកហៅម្ចាស់ផ្ទះ តែដោយសារតែភ្លើងឆេះខ្លាំងទៅហើយទើបអ្នកនៅខាងក្នុងមិនអាចចេញមកក្រៅបាន គឺបានត្រឹមនាំគ្នារត់ទៅជាន់លើដំបូលដើម្បីគេចចេញពីអណ្ដាតភ្លើង។
ប្រភពពីប្រជាពលរដ្ឋដដែលបានបន្តទៀតថា ភ្លាមៗនោះគាត់ក៏រាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន សុំរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកធ្វើអន្តរាគមន៍ជួយសង្គ្រោះ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើអន្តរាគមន៍ជួយបាញ់ទឹកពន្លត់និងជួយសង្គ្រោះអាយុជីវិតមនុស្សដែលជាប់នៅខាងក្នុងបានដោយសុវត្ថិភាពចំនួន០២នាក់ គឺម្តាយនិងអ្នកស្នាក់នៅជាមួយគ្នា ចំណែកកូនស្រីម្ចាស់ ផ្ទះបានឈ្លក់ផ្សែង និងរលាកខ្លួនប្រាណសន្លប់ស្ដូកស្ដឹងនៅក្នុងផ្ទះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចូលទៅជួយសង្គ្រោះ និងបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរ តែជាអកុសលដោយសារតែជនរងគ្រោះនៅក្នុងផ្សែងយូរពេកក៏បានដាច់ខ្យល់ស្លាប់ទៅ។
ចំពោះមូលហេតុដែលបង្កឱ្យមានអណ្ដាតភ្លើងឆាបឆេះនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានទេ ព្រោះកំពុងស្រាវជ្រាវរកមូលហេតុ ។ ក្នុងប្រតិបត្តិការការនេះផងដែរកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនរថយន្តទើបបាញ់ទឹកពន្លត់រលត់ជាស្ថាពរ៕