
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានបើកការសាកសួរដេញដោលលើសំណុំរឿង.ក្បត់ជាតិ ដែលមានទណ្ឌិត សម រង្ស៊ី និងអតីតសកម្មជនគណបក្សសង្រ្គោះជាតិ ប្រមាណ ៤២ នាក់ពាក់ព័ន្ធ។
នេះជាសវនាការ លើកទី៧ ដោយបានចាប់ផ្តើមតាំងថ្ងៃទី៧-១៤-២១-២៨ ខែធ្នូ ឆ្នាំ២០២១ និងថ្ងៃទី០៤ ខែមករា ថ្ងៃទី១៥- ២២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។ ក្នុងសវនាការ កាលពីព្រឹកថ្ងៃទី១មីនា ជនត្រូវចោទក្នុងសំណុំរឿងក្បត់ជាតិជាមួយលោកសមរង្ស៊ី គឺកញ្ញា សេង ធារី បានចេញឈុតថ្មីមួយបែបទៀតប្លែកខុសមុន។

សំណុំរឿងនេះ មានជនជាប់ចោទ ដែលជាប់ឃុំឃាំង តែ ៣នាក់ទេ និងនៅក្រៅឃុំ ចំនួន ៣៩ នាក់ រួមទាំងអតីតមេបក្ខប្រឆាំង លោក សម រង្ស៊ី ដែលបានភៀសខ្លួន ទៅនៅក្រៅប្រទេស។ ជនត្រូវចោទ ស្ថិតនៅក្នុងឃុំ ៣នាក់ មាន៖ ១.ឈ្មោះ ទុំ ប៊ុនថន ហៅ សុខ ភេទប្រុស អាយុ៤៣ ឆ្នាំ ២.ឈ្មោះ កាក់ កុម្ភារ ភេទប្រុស និង៣.ឈ្មោះ ហេង ចាន់សុទ្ធី ភេទប្រុស។ ចំណែកអ្នកនៅក្រៅឃុំ ចំនួន ៣៩នាក់ រួមមាន៖ ១.ទណ្ឌិត សម រង្ស៊ី ២.កញ្ញា ឈ្មោះ សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក បច្ចុប្បន្ន កំពុងស្នាក់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ ៣.ឈ្មោះ យក់ នាង ភេទស្រី ៤.ឈ្មោះ ស្រី ចន្ច័តារា ៥.ឈ្មោះ អ៊ូ គឹមហ៊ត ហៅ ឈុត សារិត ៦.ឈ្មោះ ហង្ស ផារី ៧.ឈ្មោះ នីវ ចំរើន ៨.ឈ្មោះ អូន ពៅ ភេទ ស្រី ៩.ឈ្មោះ ឯក ចេស្តា ១០.ឈ្មោះ ឈុន ប៊ុនហ៊ា ១១.ឈ្មោះ សុត វ៉ាន់ឌី ១២.ឈ្មោះ ហ៊ីង ទាក់ ហៅ ធា និង ២៧នាក់ទៀត មិនស្គាល់ឈ្មោះ។

ជនជាប់ចោទទាំងនៅក្នុងឃុំ និងនៅក្រៅឃុំ ទាំង ៤២នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ.ក្បត់ជាតិ.បទរួមគំនិតក្បត់. បទញុះញុងឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ កុំឲ្យយោធិនស្តាប់បង្គាប់ ដែលបទល្មើសទាំងនេះ មានចែងក្នុងបទបញ្ញតិ មាត្រា ២០៣. មត្រា ២០៤ និង មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។

នាព្រឹកថ្ងៃសវនាការ កាលពីថ្ងៃទី១មីនា គេបានសង្កេតឃើញ នៅមុខសាលាដំបូងរាជធានី មានអ្នកគាំទ្រប្រមាណ ៧នាក់ ទៅ ៨នាក់ ដែលមានមុខមិនសូវខកខាន គឺស្រ្តីឈ្មោះ សាត ផា អតីតជាសកម្មជនគណបក្សសង្គ្រោះជាតិ នៅខណ្ឌឫស្សីកែវ។ ក្នុងនោះ ក៏បានសង្កេតឃើញទូរទស្សន៍បរទេស អាចាចឺរ៉ា មានបុគ្គលិកបរទេស ចំនួន ២នាក់ និងខ្មែរម្នាក់ ជាអ្នកបកប្រែភាសា បានទៅថតផ្តិតយករូបភាពនៅមុខតុលាការ។

វត្តមានជនត្រូវចោទ គឺកញ្ញា សេង ធារី លើកនេះ មិនខុសពីលើកមុនទេ គឺតែងខ្លួនប្លែកៗ។ កញ្ញាស្លៀករ៉ូបខ្មៅ ពាក់សក់វែង គ្របមួកពីលើក្បាលត្រងោល និងមានយួរកាបូបមួយ អមដោយអ្នកស្រី សាត ផា ជាអ្នកគាំទ្រ ស្លៀករ៉ូបក្រហម និងពាក់សក់ដូចគ្នា កាន់ផ្កាឈូករ័ត្ន ម្នាក់ ១ទង ដើរបង្ហាញមុខ ឲ្យគេថត មុនចូលសាលសវនាការ។
ក្នុងពេលចូលសវនាការ លើកមុន កញ្ញា សេង ធារី ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ នឹងមានពាក់សក់ ពាក់កណ្តាលក្បាល ធ្វើដូចអ្នកគុននិយមចិន តួកុនក្នុងភាពយន្តរឿងចិនហុងកុង។
តែទោះជាយ៉ាងណាក្តី សម្លៀកបំពាក់បែបឌឺដងដាក់តុលាការនេះ មិនត្រូវបានអនុវត្ត ឲ្យនាំចូល ក្នុងសវនាការទេ ជារៀងរាល់លើក សមត្ថកិច្ចនគរបាល យាមប្រចាំការ នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យកញ្ញា សេង ធារី ដោះសក់ពាក់ចេញ និងអ្វីដែលធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់ ក្នុងសវនាការ ក៏មិនអនុញ្ញាតឲ្យយកចូលដែរ។
សវនាការ បានសាកសួរដេញដោល និងបង្ហាញភស្តុតាងពេញមួយព្រឹក ក៏ត្រូវបញ្ចប់ នៅត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១មីនា។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសលើកពេលសវនាការនេះ ទៅធ្វើបន្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៕