
ព្រៃវែង ៖ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់ឯកឧត្តម ស សុខា ប្រចាំខេត្តព្រៃវែង នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ប្រចាំខេត្តព្រៃវែង រៀបចំដោយសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ខេត្តព្រៃវែង សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដែលមានក្រុមចូលរួមប្រកួត ចំនួន ៧៧ក្រុម នារី ១៥ក្រុម និងមានកីឡាករ កីឡាការិនី សរុបចំនួន ២៦៦នាក់ នារី ៤២នាក់ ប្រកួតលើវិញ្ញាសាវាយយកពិន្ទុ មាន ១៤ក្រុម, ៣ទល់៣ (យុវវ័យ) ផ្នែកបុរស មាន ២៧ក្រុម, ៣ទល់៣ ផ្នែកនារី មាន ៩ក្រុម និង ៣ទល់៣ (វ័យចាស់) មាន ២៧ក្រុម៕