
ភ្នំពេញ ៖ បុរសម្នាក់ប្រហែលជាមានវិបត្តិអ្វីមួយ បានសម្រេចចិត្តជិះម៉ូតូមកឈប់លើស្ពានជ្រោយចង្វារ ហើយក៏លោតចូលក្នុងទន្លេបាត់ ប៉ុន្តែបុរសនោះ បានព្យាយាមហែលទឹកឡើងច្រាំងវិញ ជាអកុសលហែលជិតដល់ច្រាំងហើយ ក៏លិចបាត់ឈឹង។
ករណីនេះបង្កឲ្យមានការផ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារថ្មី ក្នុងមូលដ្ឋាន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់នោះ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-0305 ធ្វើដំណើរឡើងស្ពានពីកើតទៅលិច នៅពេលឡើងដល់លើស្ពានជ្រោយចង្វារថ្មីជិតដល់កណ្តាលស្ពាន ក៏បានឈប់ម៉ូតូ ស្ទុះទៅតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា ភ្លាមៗនោះគេឃើញបុរសនោះ បានហែលទឹកចូលខាងវិញ ជិតដល់ច្រាំងទន្លេហើយស្រាប់តែលិចបាត់ឈឹង។
បន្ទាប់ពីធ្វើអត្តឃា.ត បានបន្សល់ទុកម៉ូតូមួយគ្រឿងនៅលើស្ពាន ហើយនគរបាលប៉ុស្តិ៍ជ្រោយចង្វារ បានយកម៉ូតូនោះ ទៅរក្សាទុក។