
ភ្នំពេញ៖ រថយន្ដសេរីទំនើបមួយគ្រឿងបើកបត់ឆ្លងផ្លូវដោយគ្មានការប្រុងប្រយ័ត្តក៏ជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿងបើកបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់និងយានយន្ដខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពី វេលាម៉ោង ២ៈ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ ស្ថិតនៅចំណុចមុខវត្តអារុណវត្តី នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូដឹម ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឡង់គ្រីស័រស៊េរីទំនើបមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BL-6606 ធ្វើដំណើរទិសដៅពីលិចទៅកើត
លុះជិតដល់កន្លែងកើតហេតុខាងលើបានបត់ឆ្វេងដៃទៅផ្លូវខាងទៀត តែលគេសង្ស័យថាច្រឡំច្រកចូល រថយន្តក៏បានបន្តដំណើរទៅខាងមុខទៀតមកបត់ចូលច្រកវត្តអរុណវត្តីបញ្ច្រាស់ផ្លូវដោយមិនទាន់ដល់កន្លែងបត់ផង ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខ.ប.មានជ័យ1B-0551 ជិះដោយបុរសម្នាក់បើកបរបញ្រ្ចាសទិសដៅគ្នាពីពីមុខពេញទំហឹងបណ្តាលឲ្យកៀបជាប់ម៉ូតូនិងរថយន្តអូសប្រមាណជា ២ ទៅ ៣ ម៉ែត្រ បណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។
បន្ទាប់ពីកើតហេតុភាគីទាំងសងខាង បានធ្វើការសម្របសម្រួលជិតមួយម៉ោងមិនត្រូវគ្នា ទើបបានឃើញសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាបន្តទៀត
បន្ទាប់មក សមត្ថកិច្ចបានឲ្យភាគីខាងរថយន្តទៅមើលជនរងគ្រោះជាក់ស្តែងនៅឯមន្ទីពេទ្យងាយស្រួលដោះស្រាយគ្នាដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕